លោក សុខ អាន ទទួល​មរណភាព​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន


ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន បាន​ទទួល​មរណភាព​នៅ​វេលា​ម៉ោង​ជាង ៦​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​មីនា នេះ​ក្នុង​អាយុ ៦៦​ឆ្នាំ ដោយ​រោគាពាធ​នៅ​មន្ទីរពេទ្យ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​បញ្ជាក់​ពី​ដំណឹង​មរណភាព​នេះ។ ការ​ទទួល​មរណភាព​នេះ នៅ​បន្ទាប់​ពី​លោក​បាន​ទទួល​គោរមងារ​ជា «សម្ដេច​វិបុល​បញ្ញា សុខ អាន» ពីព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៧។
លិខិត​ពី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ស្នើ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​យោង​លើ​ប្រសាសន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៥ មីនា នេះ បាន​សុំ​បុរេប្រទាន​ថវិកា​ចំនួន ៣​ប៊ី​លាន​រៀល ឬ​ប្រហែល ៧៥​ម៉ឺន​ដុល្លារ សម្រាប់​ចំណាយ​ធ្វើ​ពិធី​បុណ្យ​សព សុខ អាន។
មក​ទល់​ម៉ោង ៨​ជាង​យប់​នេះ មន្ត្រី​រដ្ឋាភិបាល​មិន​ទាន់​បញ្ជាក់​ថា តើ​សព​លោក សុខ អាន នឹង​បញ្ជូន​មក​ដល់​កម្ពុជា នៅ​ពេល​ណា​នៅ​ឡើយ​ទេ?៕
ប្រភព ៖ rfakhmer

No comments

Powered by Blogger.